January 6, 2021
សេដ្ឋកិច្ចចិននឹងវ៉ាដាច់អាម៉េរិកជាប់ជាមហាអំណាចសេដ្ឋកិច្ចលំដាប់ទី១ នៅលើពិភពលោកក្នុងឆ្នាំ ២០២៨
មជ្ឈមណ្ឌលស្រាវជ្រាវសេដ្ឋកិច្ច និងពាណិជ្ជកម្ម (CEBR) បានព្យាករណ៍ពីសេដ្ឋកិច្ចពិភពលោករយៈពេលចុងក្រោយនេះដោយបញ្ជាក់ថា សេដ្ឋកិច្ចរបស់ចិននឹងមានកំណើនវ៉ាដាច់អាម៉េរិក ហើយក្លាយជាប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេលើពិភពលោក លឿនជាងការរំពឹងទុករហូតដល់ ៥ឆ្នាំ ។
ហេតុអ្វីបានជាសេដ្ឋកិច្ចចិនមានសន្ទុះលឿនម៉្លេះ? ថ្ងៃនេះ ខ្មែរ ប៉ុស្តិ៍ ដេលី មានចម្លើយហើយ ។
- មជ្ឈមណ្ឌលស្រាវជ្រាវសេដ្ឋកិច្ច និងពាណិជ្ជកម្ម (CEBR) បានចេញផ្សាយរបាយការណ៍ស្រាវជ្រាវចុងក្រោយដែលបានព្យាករណ៍ពីកំណើនសេដ្ឋកិច្ចសកល បានចង្អុលបង្ហាញថា សេដ្ឋកិច្ចចិននឹងរីកចម្រើនមុនសេដ្ឋកិច្ចអាម៉េរិកនៅឆ្នាំ ២០២៨ ឬ ៨ឆ្នាំខាងមុខទៀតនេះ ។
- វាមិនមែនជារឿងគួរឱ្យភ្ញាក់ផ្អើលនោះទេចំពោះការប៉ាន់ស្មានថ្មីៗនេះដែលបង្ហាញថាសេដ្ឋកិច្ចចិននឹងវ៉ាសេដ្ឋកិច្ចអាម៉េរិកនាពេលអនាគត តែភ្ញាក់ផ្អើលត្រង់ថាសេដ្ឋកិច្ចចិននឹងវ៉ាដាច់អាម៉េរិកលឿនជាងការប៉ាន់ស្មានពីមុនដល់ទៅ ៥ឆ្នាំ ។
- មូលហេតុដែល CEBR ប៉ាន់ស្មានថា សេដ្ឋកិច្ចចិននឹងឡើងមកលំដាប់ទី១ នៅលើពិភពលោកលឿនជាងមុន ដោយសារតែស្ថានភាពនៃការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលបានកើតឡើងនៅឆ្នាំនេះ ហើយអាជ្ញាធរចិនអាចដោះស្រាយបានយ៉ាងល្អខណៈពេលដែលសហរដ្ឋអាម៉េរិកកំពុងមានវិបត្តិដ៏ធ្ងន់ធ្ងរ និងមិនអាចដោះស្រាយបាន។
- បច្ចុប្បន្នអាម៉េរិក មានអត្រានៃសេដ្ឋកិច្ចប្រមាណ ២៤% ជាប់ចំណាត់ថ្នាក់លេខ ១ នៅលើពិភពលោក ស្របពេលដែលប្រទេសចិនមានប្រហែល ១៥% នៃសេដ្ឋកិច្ចពិភពលោក ប៉ុន្តែដោយសារនៅឆ្នាំនេះពិភពលោកទាំងមូលប្រឈមមុខនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ ធ្វើឱ្យសេដ្ឋកិច្ចអាម៉េរិក ទំនងជាមានការធ្លាក់ចុះប្រហែល ៥% ខណៈដែលសេដ្ឋកិច្ចចិនទំនងជាកើនឡើងមកដល់អ័ក្សវិជ្ជមានបានប្រមាណ ២% ។
- CEBR ប៉ាន់ប្រមាណសេដ្ឋកិច្ចចិនថា ក្នុងរយៈពេល ៥ ឆ្នាំខាងមុខ (២០២១-២០២៥) សេដ្ឋកិច្ចចិនទំនងជាមានអត្រាកំណើនប្រចាំឆ្នាំប្រមាណ ៥,៧% ក្នុងមួយឆ្នាំ និងកំណើនចុះមកបន្តិចត្រឹម ៤,៥% ក្នុងមួយឆ្នាំ ក្នុងអំឡុងឆ្នាំ ២០២៦-២០៣០ ។
- ចំណែកឯសេដ្ឋកិច្ចអាម៉េរិកវិញ CEBR រំពឹងថា នៅឆ្នាំក្រោយសេដ្ឋកិច្ចអាម៉េរិកអាចនឹងងើបឡើងវិញបន្តិច បន្ទាប់ពីឆ្លងផុតស្ថានការណ៍រោគរីករាលដាល ហើយបន្ទាប់ពីនោះមក វានឹងលូតលាស់បន្តិចម្ដងៗ ក្នុងអត្រាថយចុះ គឺប្រមាណ ១,៩% ក្នុងមួយឆ្នាំ ចន្លោះពីឆ្នាំ ២០២២-២០២៤ ហើយនឹងថយចុះថែមទៀតដល់ ១,៦% ក្នុងមួយឆ្នាំនៃឆ្នាំបន្ទាប់ពីនោះ។
- អត្រាការកើនឡើងដ៏លេចធ្លោរបស់ចិនដែលផ្ទុយស្រឡះ ពីការថមថយសេដ្ឋកិច្ចនៅសហរដ្ឋអាម៉េរិក ជាមូលហេតុដែល CEBR បានកែសម្រួលការវាយតម្លៃរបស់ខ្លួនជាថ្មី ដោយឲ្យសេដ្ឋកិច្ចចិនវ៉ាដាច់សហរដ្ឋអាម៉េរិកលឿនជាងមុនក្នុងឆ្នាំ ២០២៨ ដែលពីមុនបានកំណត់ត្រឹមឆ្នាំ២០៣៣ ។
- លោក Douglas McWilliam អនុប្រធាន CEBR បានពន្យល់បន្ថែមទៀតថា៖ សេដ្ឋកិច្ចចិនក្នុងរយៈពេល ៥ ឆ្នាំខាងមុខនេះ ទំនងជាមានកំណើនលូតលាស់យ៉ាងឆាប់រហ័ស ជាពិសេសនៅក្នុងក្រុមប្រជាជនដែលមានប្រាក់ចំណូលខ្ពស់ ដែលនេះធ្វើឲ្យ មជ្ឈមណ្ឌលស្រាវជ្រាវត្រូវកែសម្រួលការប៉ាន់ស្មានឡើងវិញថាសេដ្ឋកិច្ចចិននឹងវ៉ាដាច់សេដ្ឋកិច្ចអាម៉េរិកលឿនជាងមុនរហូតដល់ទៅ ៥ ឆ្នាំ ព្រមទាំងរំពឹងថាប្រទេសចិន នឹងជាប់ចំណាត់ថ្នាក់ជាប្រទេសដែលមានប្រជាជនមានប្រាក់ចំណូលខ្ពស់ក្នុងរយៈពេល ៣ឆ្នាំខាងមុខទៀតផង ។
- ក្រៅពីសេដ្ឋកិច្ចអាម៉េរិក និងចិន CEBR ក៏ធ្វើការវាយតម្លៃសេដ្ឋកិច្ចនៅក្នុងប្រទេសដទៃទៀតផងដែរ ជាពិសេសសេដ្ឋកិច្ចរបស់ប្រទេសនៅអាស៊ីជាច្រើនដែលទំនងជារីកចម្រើនយ៉ាងឆាប់រហ័សដូចគ្នានឹងប្រទេសចិនដែរ ។ អនុប្រធាន CEBR បានចង្អុលបង្ហាញថា បណ្តាប្រទេសលោកខាងលិចគួរតែទាញយកមេរៀនបន្ថែមទៀតពីអាស៊ី ក្នុងការដោះស្រាយបញ្ហាសេដ្ឋកិច្ចក្នុងវិបត្តិរោគរាតត្បាតនេះ ។
- ក្រៅពីជម្លោះសេដ្ឋកិច្ច រវាងសហរដ្ឋអាម៉េរិក និងចិន ដែលជាយក្សសេដ្ឋកិច្ចលេខ ១ និងលេខ ២ នៅលើពិភពលោកហើយ CEBR ក៏បានវាយតម្លៃពីកំណើនសេដ្ឋកិច្ចឥណ្ឌាផងដែរ ដែលថារយៈពេលជាង ១០ ឆ្នាំរាប់ចាប់ពីពេលនេះទៅ សេដ្ឋកិច្ចឥណ្ឌានឹងកើនឡើងវ៉ាដាច់ប្រទេសជាច្រើនដូចជា ជប៉ុន និងអាឡឺម៉ង់ ព្រមទាំងជាប្រទេសដែលមានសេដ្ឋកិច្ចធំលំដាប់ទី ៣ នៅលើពិភពលោកទៀតផង ។